ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​៖ ការតែងតាំងតំណែង និងដំឡើងឋានន្តរស័ក្តិ ជាការសម្រេច វាយតម្លៃយ៉ាងល្អិតល្អន់ តាមឋានានុក្រមច្បាស់លាស់
Wed,22 February 2023 (Time 03:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 202នាក់)

ខេត្តតាកែវ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ ក្រុងដូនកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់ យ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឲ្យមានតម្លាភាព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរ ជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំ ប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈ កាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំ ពង្រឹងតំបន់ប្រតិបត្តិការ សឹករងតាកែវតទៅខាងមុខទៀត។

បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗ​ នៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាន នៃគោលការណ៍៣ ដែលជាកាតាលីករជួយជំរុញឲ្យការចម្រាញ់ធនធានមនុស្ស កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖

ទី១៖ គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ជាដើម -ល-។

ទី២៖ គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់។

ទី៣៖ គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឲ្យរាល់ការប្រគល់តួនាទី ក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទូទាំង តំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូត សម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមសម្តែងនូវមោទកភាព ចំពោះសមិទ្ធផល ដែលសម្រេចបានទាំងនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈដ៏មោះមុត សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ស្មារតីដ៏អង់អាចក្លាហាន និងមនសិការវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទាំងនេះ គឺស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៩៧៩ និងដែលធ្លាប់បានចូលរួមយ៉ាងសកម្មបំផុត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុងគ្រប់សម័យកាលទាំងក្នុងពេលមានសន្តិភាព និងសង្គ្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ