គម្រោងសាងសង់ផ្លូវតភ្ជាប់ពីបាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ និងកោះកុងសម្រេចបាន ៦៩ភាគរយ
ខេត្តបាត់ដំបង៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរយៈពេល ៥ឆ្នាំរបស់ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបានមានប្រសាសន៍ថា គិតមកបច្ចុប្បន្ននេះគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តកោះកុង ប្រវែងសរុបចំនួន១៩៧គីឡូម៉ែត្រ សម្រេចបានចំនួន ៦៩ភាគរយ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្តបន្តថា ជាមួយនេះខាងខេត្តកំពុងតែសិក្សាអំពីគម្រោងកសាងផ្លូវកាត់តភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងប្រវែង ៧៤ម៉ែត្រ។ លោកថ្លែងថា៖ «បើយើងបានដំណើរកសាងផ្លូវនេះ ឥឡូវយើងបានទទួលគោលការណ៍ ទទួលបានសមិទ្ធផលនេះគឺថាអស្ចារ្យពីសៀមរាបទៅបាត់ដំបងតែរយៈពេលមួយម៉ោង»។
ឯកឧត្តមបន្ថែមថា កាលណាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបនេះស្ថាបនារួច នោះប្រាកដណាស់នឹងអាចទាក់ទាញភ្ញៀវទេសចរពីខេត្តសៀមរាប ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងខេត្តបាត់ដំបងដែលជាខេត្តមួយនៅភាគពាយ័ព្យបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានផ្លូវសរុបចំនួន ១៦៩ខ្សែ ហើយក្នុងចំណោមផ្លូវទាំងនោះ គឺមានផ្លូវខ្លះកំពុងតែរងការខូចខាតដោយសារតែការជួសជុល និងកែលម្អប្រព័ន្ធលូ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា៕